Wednesday, June 17, 2015

ដើមកំណើតនៃ​សករាជ​ទាំង ៤ ប្រើក្នុងប្រទេសកម្ពុជា



.​​  សេចក្តីផ្តើម
      មនុស្សក្នុងសាកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។  ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន   ដោយសារតែមានពេល  ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ - ខែ - ឆ្នាំខានមិនបានដែរ ។  ហេតុនេះ ការចេះចាំថ្ងៃ - ខែ - ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។   បើប្រទេសណាមិនប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។​    ពុំនោះសោត គេទុក​ដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ    គឺមនុស្សព្រៃ, មនុស្សព្នង  ដែលអាស្រ័យនៅក្នុងកោះតូចតាច  ឆ្ងាយដាច់ស្រយាលពីគេ   ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ    ជាចន្លោះប្រទេសរបស់គេ,  មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅថា "សករាជ" ជាគ្រឿងចំណាំ ។

.  និយមន័យ​ សករាជ
               សករាជ​​ មាន​ពាក្យ ស័កៈ និង រាជ ។ ស័កៈ ​មាន​ន័យ​ថា កាល​សម័យ ការ​រាប់​លំដាប់​ឆ្នាំ ។ រាជ ​មាន​ន័យ​ថា ស្ដេច ឬ​អច្ឆរិយ​បុគ្គល ។ សករាជ​ មាន​ន័យ​ថា ការ​រាប់​ថ្ងៃ​ ខែ ឆ្នាំ ឬ​យក​ត្រឹម​តែ​ឆ្នាំ​រៀង​មក ពី​ថ្ងៃ ឬ​ខែ ឬ​ឆ្នាំ ដែល​បុគ្គល​អស្ចារ្យ ឬ​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ជនានុជន​បាន​កត់​ត្រា​ទុក ។​  ពាក្យ​ថា សករាជ (ឬ ស័ក) នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក ហៅ​ថា​ពួក តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌា កាល​ពុទ្ធ​សករាជ ៦២១ ឆ្នាំ ជន​ពួក​នេះ​បាន​លុក​លុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រិយ៍​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏​តាំង​ការ​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែល​ចំណេរ​ត​មក ហៅ​ថា មហា​សករាជ ជាប់​មាន​មក​ក្នុង​ប្រទេស​យើង​រៀង​ដល់​សព្វ​ថ្ងៃ​នេះ ។ ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុមាលា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ៦២១; ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយ​វង្ស​បាន​តាំង​ចុល្ល​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ១១៨៣ ( ម. ព. ស័ក ផង) ។


៣.  ការប្រើសករាជក្នុងប្រទេសកម្ពុជា
               ក្នុងប្រទេសកម្ពុជាសករាជដែលគេនិយមប្រើសព្វថ្ងៃនេះ មាន ៤ យ៉ាងគឺ៖
                     ពុទ្ធសករាជ
                     គ្រិស្តសករាជ
                     មហាសករាជ
                     ចុល្លសករាជ
ឯសករាជទាំង នេះគេរៀបរៀងតាមលំដាប់ដែលកើតមុន កើតក្រោយ ដូចតទៅនេះ គឺៈ
                    ពុទ្ធសករាជ កើតមុនសករាជ ទាំង ៣,
                    គ្រិស្តសករាជ កើតក្រោយ ព. ស. ៥៤៣ ឆ្នាំ,
                    មហាសករាជ -ដ- -ដ- ៦២១ -ដ-,
                    ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។
              
               ពុទ្ធសករាជ និងមហាសករាជ ប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ និងមហាសករាជខ្លះ តាមអារ្យធម៌ឥណ្ឌៀតាំងពីសម័យនោះមក ។ តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យនគរធំ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជ និង ចុល្លសករាជជាផ្លូវការនៅឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជ និងមហាសករាជ រឿងនេះដឹងបានដោយសារមានសិលាចារឹកជាភស្ដុតាង ។ ចំណែកគ្រិស្តសករាជ ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) គឺតាំងពី ព. ស. ២៣៩១ គ. ស. ១៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស និងប្រទេសកម្ពុជា មានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
.  ដើមកំណើតនៃ​សករាជ​ទាំង ៤
                គេ​ប្រើប្រាស់​សករាជ ឬ​ការ​រាប់ ថ្ងៃ ខែ ឆ្នាំ ដើម្បី​កំណត់​សំគាល់​ពេល​វេលា​សម្រាប់​ធ្វើ​ការងារ​នៅ​ក្នុង​ជីវភាពរស់នោ​ប្រចាំថ្ងៃ​ ។ សករាជត្រូវបានគេបង្កើតឡើងទៅតាមព្រឹត្តិការណ៍​អស្ចារ្យ ឬសំខាន់ណាមួយដែលបានកើតឡើង ហើយកំណត់ជា កាលបរិច្ឆេទ​ រាប់ ថ្ងៃ​ ខែ ឆ្នាំ តាំងពីពេលដែលព្រឹត្តិការណ៍នេះបានកើតឡើងរហូតមក ។  ហេតុនេះហើយបានជា សករាជនីមួយៗតែងតែមានការរាប់ខុសៗគ្នាងអាស្រ័យលើព្រឹត្តិការណ៏ដែលបានកើតឡើង ។ ក្នុងប្រទេសនីមួយៗ​តែងតែកំណត់យក សករាជមួយឬច្រើនសំរាប់ធ្វើការកត់ត្រា កាលបរិច្ឆេទ ពង្សាវតា ប្រវត្តសាស្ត្រ និង​ រឿងហេតុផ្សេងៗទៀត ដើម្បីកំណត់ពេលវេលាជាក់លាក់ណាមួយដែលបានកើតឡើង ។


     ៤.១.  ពុទ្ធសករាជ
               ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៦២៩ ប្រាប់​ថា ពុទ្ធសករាជ គេ​កំណត់​រាប់​ចំនួន​ថ្ងៃ​ខែ​ឆ្នាំ តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់, រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ​នោះ​មក ជា​ពុទ្ធសករាជ ។ ការ​រាប់​ពុទ្ធសករាជ ជា​ការ​កំណត់​ថ្ងៃ​ខែ​ឆ្នាំ​របស់​ពួក​ពុទ្ធសាសនិកជន សម្រាប់​ប្រើ​ខាង​សាសនា ដែល​ហៅ​ថា "បក​សករាជ" ។ របៀប​នេះ រាប់​យក​ចំណែក​ខាង​រនោច​ខែ​មួយ​មុន​មក​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា ១ ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច ខែ​ពិសាខ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ជេស្ឋ ជា ១ ខែ ។ល។ ពី​ថ្ងៃ ១ រោច ខែ​ចេត្រ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ពិសាខ ជា ១ ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀងរាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​នោះ​ជា​បច្ចុប្បន្នកាល មិន​ទាន់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូចជា​កាល​ពី​ក្នុង​ថ្ងៃ ១៥ រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន ត្រូវ​រាប់​ថា ពុទ្ធសករាជ​កន្លង​ទៅ​ហើយ​បាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​ត្រឹម​ប៉ុណ្ណោះ), តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំង​ពួង ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី​ដែល​ចូល​ក្នុង​រវាង​ឆ្នាំ​ គំរប់ ២ នុ៎ះ​ឯង​ថា ពុទ្ធសករាជ ២ ឆ្នាំ ឬ​ពុទ្ធសករាជ ២, បើ​ប្រើ​អក្សរ​សង្ខេប​ត្រូវ​ប្រើ​អក្សរ​ជា ព. ស. ២ ។ ពុទ្ធសករាជនេះ ចាប់​ផ្ដើម​កើត​មាន​ឡើង​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌៀ ដោយ​ពួក​ពុទ្ធបរិស័ទ​មាន​ព្រះ​សង្ឃ​ជាដើម​ក្នុង​ប្រទេស​នោះ​កំណត់​ឲ្យ​ប្រើ​ ឡើង ចាប់​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​ទៅ ​បាន ១ ថ្ងៃ គឺ​កំណត់​រាប់​តាំង​ពី​ត្រឹម​ថ្ងៃ​ពុធ ១ រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់​នោះ​មក ឲ្យ​ឈ្មោះ​ថា​ជា​ពុទ្ធសករាជ ដោយ​មាន​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ពុទ្ធ​ជា​គោល​ចារិក, ហើយ​ត​មក​ក្នុង​ប្រទេស​នានា ដែល​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា ដូច​ប្រទេស​ខ្មែរ​ជាដើម ក៏​និយម​ប្រើត ៗ គ្នា​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ឯ​ប្រទេស​ឥណ្ឌាកាល​ពី​សម័យ​មុន ដែល​ពុំ​ទាន់​មាន​ពុទ្ធសករាជ​នៅ​ឡើយ គេ​និយម​ប្រើ​បុរាណ​សករាជ គឺ​សករាជ​ខាង​សាសនា​ព្រាហ្មណ៍​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ។ លុះ​ដល់​មាន​ពុទ្ធសករាជ ប្រទេស​ឥណ្ឌា ក៏​ចាប់​ប្រើ​ពុទ្ធសករាជ​ជាប់​ឡើង ។ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌាឈប់​ប្រើ​ពុទ្ធសករាជ​ទៅ​ហើយ  តែ​គេ​ប្រើ​សករាជ​អ្វី​យើង​មិន​បាច់​និយាយ ។

     ៤.២.  គ្រិស្តសករាជ
      ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ៧៩៧ ប្រាប់​ថា គ្រិស្តសករាជ​នេះ គេ​បង្កើត​ឡើង​តាម​នាម​នឹង​ពង្សាវតា​នៃ​សាស្ដា​ម្នាក់​ឈ្មោះ យេស៊ូ ឬ យេស៊ូវ - គ្រិស្ត (Jésus ou Jésus - Christ) ជា​អ្នក​បង្កើត​លទ្ធិ ឬ​សាសនា​មួយ ហៅ​ថា​សាសនាគ្រិស្ដ «Religion Chretienne» ក្នុង​​​កាល​​សតវត្សរ៍​​ទី ៦ នៃ​ពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិត​មែន​តែ​ព្រះ​យេស៊ូ - គ្រិស្ត ទទួល​មរណភាព​ក្នុង ព. ស. ៥៧៦ ក្នុង​អាយុ​គំរប់ ៣៣ ឆ្នាំ តែ​គេ​បាន​តាំង​សករាជ​នោះ​គិត​ពី​ថ្ងៃ​ដែល​សាស្តា​នេះ​កើត គឺ​ក្នុង ព. ស. ៥៤៣ ហៅ​ថា គ្រិស្តសករាជ សរសេរ​អក្សរ​សង្ខេប​ថា គ. ស. គឺ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​អឺរុប​នឹង​ប្រទេស​អាស៊ី​ជាច្រើន ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ។


     ៤.៣.  មហា​សករាជ
      ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៧២២ នឹង​ភាគ​ទី ២​ ទំព័រ ១០៨១ ប្រាប់​ថា ស័ក ប្រែ​ថា "កាល", សម័យ​យុគ ...," រាជ ប្រែ​ថា "ស្ដេច" ។ ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក​ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀងរាល់​ឆ្នាំ ហៅ​ថា "សករាជ" ៗ នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក​ហៅ​ថា ពួក​តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌៀ ក្នុង​កាល ព. ស. ៦២១ ន្នាំ ។ កាល​ជន​ពួក​នេះ​មាន​ជ័យជំនះ​ក្នុង​ការ​លុកលុយ​ចូល​មក​វាត​អំណាច​ក្នុង​ ប្រទេស​ឥណ្ឌៀ​ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រ​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ ឬសាលិវាហនៈ, ហើយ​ក៏​ចាប់​ផ្ដើម​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ថា "ស័ក ឬ​សការជ" ដែល​ចំណេរ​ត​មក ហៅ​ថា "មហា​សករាជ" ប្រែ​ថា "សករាជ​ធំ" នេះ​កើត​មុន​ចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់​មាន​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​តាំង​ពី​រវាង​សតវត្សរ៍​ទី​១០ នៃ​ពុទ្ធសករាជ (ព. ស. ៩២១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រើ​អក្សរ​សង្ខេប​ថា ម. ស.1
មហា​សករាជ ប្រាកដ​ជា​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ​ជា​ដំបូង​ក្នុង ព. ស. ៦២១ ឆ្នាំ អំពី​ជន​ពួក​មួយ ដែល​មាន​រៀបរាប់​ខាង​លើ​នេះ, មិន​មែន​កើត​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ខ្មែរ​ដោយ​ព្រះ​កេតុមាលា​តាំង​ឡើង​ ក្នុង ព. ស. ៦២១ នោះ​ទេ ។
ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ ភាគ​ទី ២ ថា ព្រះ​កេតុមាលា​កាល​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ក្នុង ព. ស. ៦២១ ឆ្នាំ​មែន ជា​មួយ​នឹង​ឆ្នាំ​ដែល​ប្រទេស​ឥណ្ឌៀ​បង្កើត​ឲ្យ​ប្រើ​មហា​សករាជ, ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ ក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ ។ លុះ​ដល់​មក ព. ស. ៦២៣ ឆ្នាំ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី ក៏​តាំង​ជា​មហា​សករាជ​ដរាប​មក ។ (ត្រង់​នេះ​ហើយ​ប្រហែល​ជា ព្រះ​កេតុមាលា​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ តាម​ប្រទេស​ឥណ្ឌៀ ហើយ​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហា​សករាជ ជា​ប្រឋម​នៅ​ប្រទេស​ខ្មែរ) ។

      ៤.៤.  ចុល្លសករាជ
      ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ១៥២ ប្រាប់​ថា ចុល្លសករាជ ប្រែ​ថា "សករាជ​តូច" ៗ នេះ​ចាប់​ផ្ដើម​តាំង​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​​ ១២ កើត  ខែ​ចែត្រ ឆ្នាំ​កុរ​ឯកស័ក ព.ស. ១១៨១​។
ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ១.០៨១ ប្រាប់​ថា ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា​ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុលាមា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល ព. ស. ៦២១ ។ ព្រះ​បាទ​សម្ដេច​សន្ធិព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) បាន​តាំង​ចុល្លសករាជ ១ ក្នុង​កាល ព. ស. ១១៨១ ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរ​ធំ ។
               ក្នុង​ច្បាប់​រាជ​ពង្សាវតារ​ក្រុង​កម្ពុជាធិបតី​ខ្សែ ២ ប្រាប់​ថា គ. ស. ៦៣៩ ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយាវង្ស ស្ដេច​តាំង​ឲ្យ​មាន​ជា​ចុល្លសករាជ​ឡើង​រាប់ ១ រៀង​មក។​ ក្នុង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម បាន​រួបរួម​ឡើង​ជា​ថ្មី​ថា ក្សត្រ​មន​បាន​តាំង​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​មន​នោះ​ក៏​បាន ។ បើ​នឹង​យល់​ថា ក្សត្រ​ខ្មែរ បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​ខ្មែរ​ក៏​បាន​ដែរ ។ ប៉ុន្តែ ត្រូវ​យល់​ថា មាន​តែ​ព្រះ​បាទ​ជយវរ្ម័ន​ទី១ ទ្រង់​បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ ក្នុង ព. ស. ១១៨១ នេះឃើញ​គួរ​ជាង ព្រោះ​ក្សត្រ​អង្គ​នេះ​សោយរាជ្យ​នៅ​នគរ​វត្ត ហើយ​បាន​តាំង​ប្រើ​ចុល្លសករាជ​ដរាប​មក (ដែល​ថា​យ៉ាង​នេះ​ដោយ​អាង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម រួបរួម​ជាន់​ក្រោយ) ។


.  សនិដ្ឋាន
      ការ​រៀបរៀង​អត្ថបទ​សករាជ​​ខាង​លើ​នេះ ឃើញ​ថា​ត្រឹមត្រូវ​ល្មម​ទុក​ជាគំនិត​ទៅ​អនាគត​បាន ដោយ​មាន​ក្បួន​តម្រា​ជា​ភស្ដុតាង​គ្រប់​សករាជ ប៉ុន្តែបើ​ពិនិត្យ​អំពី​ការ​ប្រើ​សករាជ​នៅ​ប្រទេស​ខ្មែរ​យើង ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ជា​ផ្លូវ​ការ​ក្ដី ជា​សាធារណៈ​ក្ដី ឃើញ​ច្រើន​តែ​ប្រើ​គ្រិស្តសករាជ​ពុំ​សូវ​មាន​ប្រើ​ពុទ្ធសករាជ​ឡើយ ។ ហេតុ​នេះ ក្នុង​សម័យ​នេះ គួរ​លើក​យក​ពុទ្ធសករាជ​មក​ចុះ​ប្រើ​ជា​ផ្លូវ​ការ និង​ប្រើ​ជា​សាធារណៈ​ទុក​ជា​សរណៈ​ដល់​ពុទ្ធសករាជ នេះ​ឃើញ​ថា​ជា​ទី​សមរម្យ​ដល់​ប្រទេស​កាន់​ពុទ្ធសាសនា ដូចជា​ប្រទេស ​ថៃ ​ជាដើម ។
      យើងខ្ញុំសូមអំពាវនាវដលរដ្ឋាភិបាល និងប្រជាជនខ្មែរទាំងអស់អោយជូយប្រើប្រាស់ ពុទ្ធសករាជជាផ្លូវការទាំងអស់គ្នាដោយហេតុថា ប្រទេសកម្ពុជាយើងបច្ចុប្បន្នបានប្រកាស់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ហើយមានប្រជាជនគោរព្ឋប្រត្តិបត្តិដ៏ច្រើនលើសលុប់ ។ ប៉ុន្តែបែរជានៅតាមស្ថាប័ន ឬក្រសួងក្នុងរដ្ឋាភិបាលកម្ពុជាមួយចំនួនបានប្រើប្រាស់គ្រិស្តសករាជ ក្នុងការចុះកាលបរិច្ឆេទលើឯកសារ ឬលិខិតស្នាមផ្សេងៗជាផ្លូវការទៅវិញ ។  ប្រការ​ដែល​សង្គម​ខ្មែរ​មិន​សូវ​ចាប់​អារម្មណ៍​ពី​ការ​ប្រើប្រាស់​សករាជ​ជាតិ គឺវា​នឹង​ជំរុញ​ឲ្យ​មាន​ការ​បាត់បង់​សករាជ​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ ហើយ​ក៏​នឹង​នាំ​ឲ្យ​មានការបាត់បង់​នូវ​វប្បធម៌ ​​ប្រពៃណីទំនៀម​ទម្លាប់​ដែល​ជា​អត្តសញ្ញាណ​ជាតិខ្លួន​មួយ​ផ្នែក​ធំ​ផងដែរ ។  គ្រប់​ជាតិ​សាសន៍​ក្នុង​សកលលោក គេ​តែងតែ​រក្សា​វប្បធម៌ ឬ​អត្តសញ្ញាណ​ជាតិ​របស់​គេ ក្នុង​នោះ​រួម​មាន​ទាំង​សករាជ​ផង ដូចជា​នៅ​ក្នុង​ប្រទេស​អឺរ៉ុប គេ​រក្សា​គ្រិស្តសករាជ ជា​វប្បធម៌​របស់​គេ ហើយ​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​គោរព​ព្រះពុទ្ធ​សាសនា ដូចជា​ប្រទេស​ថៃ​ជាដើម គេ​រក្សា​សករាជ​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​គេ គឺ​ពុទ្ធសករាជ។ ដោយ​ឡែក​តែ​នៅ​ប្រទេស​កម្ពុជា ដែល​គោរព​ព្រះពុទ្ធ​សាសនា​ដែរ ប៉ុន្តែ​នាំ​គ្នា​និយម​ប្រើ​តែ​គ្រិស្ត​សករាជ​ទៅ​វិញ ។ ការអំពាវនាវ​បែប​នេះ គឺ​មិន​មែន​មាន​ន័យ​ថា ជា​ការ​រើសអើង​ជាតិ​សាសន៍​នោះ​ទេ។  ប៉ុន្តែ​គឺ​ដើម្បី​ចង់​ឲ្យ​សង្គម​ខ្មែរ​នាំ​គ្នា​រក្សា​ទុក​សករាជ​ជាតិ ដើម្បី​តំណាង​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ឲ្យ​នៅ​គង់វង្ស​ត​ទៅ​មុខ​យូរ​អង្វែងតទៅមុខទៀតតែប៉ុណ្ណេះ ។

.  ឯកសារយោង

​​         www.rfa.org

​​​​​​​​​​​​​                               ដោយៈ​ វិចិត្រ

No comments:

Post a Comment