Saturday, March 5, 2016

ប្រវត្តិវត្តភ្នំ​ឬ ភ្នំពេញ

​​​​​​​​​​​​​       
 ដើមកំណើត
  
    វត្តភ្នំ​គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់​ទី​ក្រុង​នេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ។ មាន​រឿង​ព្រេង​មួយ​តំណាល​ថា មាន​ស្រ្តី​មេមាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេមេគង្គ ក៏​បាន​ឃើញ​ដើម​គគី​មួយ​ដណ្តែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​ក៏​បាន​រក​ឃើញ​ពុទ្ធដិ​មាករ​ដ៏​មាន​តំលៃ​ចំនួន​៤អង្គ។ ក្នុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នកស្រុក​ពូន​ជា​ភ្នំ និង សាង​សង់​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធដិមាករ​នោះ។ នៅ​ឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតីយ៏​ធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តំកល់​ព្រះធាតុ​របស់ព្រះបាទ​ពញាយ៉ាត និង​ ចេតីយ៏​សំរាប់​តំកល់​ព្រះធាតុ​របស់​ព្រះញាតិវង្ស​ព្រះអង្គ។ នៅ​ក្នុង​ចេតីយ៏​នោះ នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរផង​ដែរ។ ចេតីយ៏ និង ព្រះវិហារ នៅ​វត្តភ្នំ បាន​កសាង​ជាច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង​កាន់​តែ​ធ្វើ​ឲ្យ​វា​មាន​សំរស់​ប្រសើរ​ឡើងៗ ។
ប្រវត្តិ​​​​​​​​​​​​  ក្នុង​កាល​កន្លង​ទៅហើយ (​គ​.​ស ១៣៧២) មាន​ដូនចាស់​ម្នាក់​ឈ្មោះ "​ពេញ​" ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូរណ៍ មាន​លំនៅ​ក្បែរ​ច្រាំងទន្លេ​បួន​មុខ ។ ផ្ទះ​របស់គាត់​សង់​នៅលើ​ទួល​ ។ ថ្ងៃមួយ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹកទន្លេ​ជន់​លិច​រហាច​រហឹម ដូនពេញ​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​មួយ​ធំ​អណ្តែត​មក​ក្បែរ​ច្រាំង ហើយដោយ​អំណាច​ទឹក​ហូរ​សង​ចុះឡើង ដើម​គគីរ​នោះ​ចេះតែ​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​នោះ ។ លុះ​ដូនពេញ​ឃើញ​ដូច្នេះ ក៏​ប្រញាប់​ទៅ​អំពាវនាវ​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះ ។ អ្នកជិតខាង​ក៏​នាំគ្នា​យក​ពួរ​ទៅ​ចង ហើយ​អូស​រំកិល​បន្តិច​ម្តងៗ​ទាល់តែ​មកដល់​មាត់ច្រាំង ។ ​ ​ ​ពេលនោះ​ដូនពេញ​យក​កំណាត់ឈើ​ទៅ​កោស​កៀរ​សំអាត​ភក់​ចេញ គាត់់​ក៏បាន​ឃើញ​ក្នុង​ប្រហោង​ឈើ​គគីរ​មាន​ព្រះ​ពុទ្ធរូប ៤ អង្គ​តូចៗ ធ្វើ​អំពី​សំរឹទ្ធិ និង​ទេវរូប​មួយអង្គ​ទៀត​ធ្វើ​អំពី​ថ្ម ។ ទេវរូប​នោះ ទ្រង់​ឈរ​ព្រះ​ហ​ស្ថ​ម្ខាង​ទ្រង់​ដំបង ព្រះ​ហ​ស្ថ​ម្ខាង​ទៀត​ទ្រង់​ស័ង្ខ ព្រះកេសា​បួង ។ ដូនពេញ និង អ្នកជិតខាង​ដែល​ទៅ​ជួយ​មាន​សេចក្តីត្រេកអ​រណាស់ ដោយ​រើស​បាន​របស់​ជាទីគោរព​បូជា​ក៏​នាំគ្នា​ដង្ហែ​ព្រះ​បដិមាករ​ទាំងនោះ​មកដល់​ផ្ទះ​ដូនពេញ ហើយ​ដូនពេញ​ចាត់​ការសង់​ខ្ទម​មួយ​តូច​តម្កល់​ជា​បណ្ដោះអាសន្ន ។ ថ្ងៃ​ក្រោយមក​ដូនពេញ​អំពាវនាវ​ឲ្យ​អ្នកជិតខាង​ជួយ​លើកដី​ពូន​ភ្នំ ដែល​នៅ​ខាងលិច​ផ្ទះ​របស់គាត់​នោះ​ឲ្យ​ទៅជា​ភ្នំ​មែនទែន ។ បន្ទាប់ពីនោះ​គាត់​ឲ្យ​គេ​អារឈើ​គគីរ​នោះ ធ្វើជា​សសរ​វិហារ​ដែល​គាត់​បំរុង​សង់​លើ​ភ្នំ​នោះ​។​ ​ ​ ​ក្នុង​គ​.​ស ១៣៧២ ដូនពេញ និង អ្នកស្រុក​ជាច្រើន​នាក់ ស្រុះស្រួល​បបួលគ្នា​សាងសង់​ព្រះវិហារ​មួយ​ខ្នង​ប្រក់​ស្បូវភ្លាំង​នៅលើ​កំពូលភ្នំ​នោះ ហើយ​គាត់​នាំគ្នា​ដង្ហែ​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ​ទាំង ៤​អង្គ ទៅ​តម្កល់ទុក​ក្នុង​វិហារ​នោះ ។ ចំណែក​ទេវរូប​ថ្ម​មួយអង្គ​គាត់​ដង្ហែ​ទៅ​តម្កល់ទុក​លើ​អ​សនៈ​មួយ​នៅ​ជើងភ្នំ​ខាងកើត ហើយដោយ​គាត់​យល់ថា ទេវ​រូបនោះ​អណ្តែត​ទឹក​មកពី​ស្រុក​លាវ និង​មាន​ភាព​ដូចជា​លាវ គាត់​ក៏បាន​សន្មតនាម​ថា "​អ្នកតា​ព្រះ​ចៅ​” នាម​នោះ​ជាប់​ត​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ។​
នៅ​ខាងក្រោយ​វត្តមាន​ចេ​តី​យ បុរាណ​មួយ​ដែល​តម្កល់​អដ្ឋិធាតុ
​ព្រះបាទ​ពញាយ៉ា (​ព្រះរាជា​ដែល​បាន​យាង​ចោល​ទីក្រុង​អង្គរ​ក្នុង​ឆ្នាំ ១៤៣១ នៃ​គ្រិស្តសករាជ​) ។ អ្នកទេសចរ​ទាំងឡាយ​មិនអាច​ចាកចេញ​ពី​ទីកន្លែង​នេះ ដោយ​មិនបាន​ទៅលេង​ស្តូប​រំលឹក​អនុ​ស្សារី​យ៍ ដែល​ធ្វើ​ឲ្យ​យើង​នឹកឃើញ​ឡើងវិញ​ពី​ដែនដី​ទាំងនេះ កាលពី​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​ពីរ​នោះឡើយ ។ ស្តូប​រំលឹក​អនុស្សា​រី​យ៍​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​ជើងភ្នំ​។ កូនភ្នំ​នេះ​ត្រូវបាន​គ្របដណ្តប់ និង​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​តំបន់​ត្រូពិច​ដែល​តំណាង​ឲ្យ​វិស័យ​ផ្សេងៗ ដែល​បាន​ចាក់ឫស​នៅ​ពាសពេញ​ប្រទេស ។ ដើមឈើ​ទាំងនេះ​បាន​ក្លាយជា​ទីជម្រក​សម្រាប់​សត្វ​ស្វា និង​បក្សី​ជាច្រើន ជាពិសេស​សត្វ​ជ្រឹង​ធំៗ ដែល​កំពុង​តោង​មែកឈើ​ទាំងឡាយ ។ ​ កាល​សាងសង់​វិហារ​រួចហើយ យាយ​ពេញ​បាន​និមន្ត​ព្រះសង្ឃ​មក​គង់​នៅលើ​ជើងភ្នំ​នោះ នៅ​ទិស​ខាងលិច​ទើប​មាន​ឈ្មោះថា "​វត្តភ្នំ​ដូនពេញ​" ដែល​សព្វថ្ងៃ​ហៅ​កាត់​ថា "​វត្តភ្នំ​” តាំងពី​ពេល​នោះមក​រហូតមកដល់​សព្វថ្ងៃ។

                និមិត្តរូបព្រះបាទសុសុវត្ថិនៅវត្តិភ្នំ

     រមណីយដ្ឋាន​វត្ត​ភ្នំ​មាន​កេរ​ដំណែល និង​ស្លាក​ស្នាម​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន ដែល​បន្សល់ ទុក​តាំង​ពី​ការ​កកើត​រាជធានី​ភ្នំពេញ​ដំបូង​ក្នុង​សតវត្សរ៍​ទី​១៤​មក​ម្ល៉េះ។ ក្នុង​ចំណោម​នោះ ​រូប​សំណាក ព្រះបាទស៊ីសុវត្ថិ ដែល​តម្កល់​នៅ​ត្រង់​ចង្កេះ​ភ្នំ​ដូនពេញ ផ្នែក​ខាងត្បូង​ក៏​ជា​កេរ​តំណែល ប្រវត្តិសាស្ដ្រ​មួយ​ដ៏​សំខាន់​ផង​ដែរ ក្នុង​សម័យ​កម្ពុជា​ស្ថិត​នៅ​ក្រោម រាជ​ការ​អាណា​ព្យាបាល​បារាំង។ ព្រោះ​ថា​រូប​សំណាក​នេះ ជា​និមិត្តរូបនៃ​​ការ​ថ្វាយ​បូរណភាព​ទឹក​ដី​នៃ ខេត្តសៀមរាប បាត់ដំបង និង​សិរីសោភ័ណ្ឌ​ឲ្យ​មក​ស្ថិត​នៅ​ក្រោមការគ្រប់គ្រង​របស់​ព្រះមហាក្សត្រខ្មែរ​វិញ ។ ព្រះបាទស៊ីសុវត្ថិ ត្រូវ​បាន​ក្រុម​ជំនុំ​ធំ​សម្រាប់​ព្រះបរមរាជវាំង រៀបចំ​ពិធី​អភិសេក ឲ្យ​ឡើង​គ្រងរាជ្យ​សម្បត្តិ ក្នុង​គ្រឹស្តសករាជ១៩០៦ បន្ទាប់​ពី​ព្រះបាទនរោត្តម ទ្រង់​ចូល​សុវណ្ណគត។ កាលនោះ​ព្រះបាទស៊ីសុវត្ថិ​មាន​ព្រះជន ៦៤ព្រះវស្សា ។ មុន​ឡើង​គ្រងរាជសម្បត្តិ ព្រះបាទស៊ីសុវត្ថិ គឺ​ជា​ស្ដេច​ព្រះឧបរាជ​ដ៏​ក្លាហាន​មួយ​ព្រះអង្គ ដែល​មិន​ចេះ​ខ្លាច​ញញើត​ឡើយ​ចំពោះ​ការ​នាំ​ទ័ព​ទៅ​ធ្វើ​សង្គ្រាម បង្ក្រាប​ពួក​បះបោរ (គ.ស១៨៦១-១៨៨៤)។ បណ្តា​ប្រជារាស្ដ្រ​គោរព​ស្រឡាញ់ ព្រះអង្គ​ជា​ក្សត្រ​ដែល​មាន​ព្រះទ័យ​ទូលំទូលាយ ចេះ​រាក់​ទាក់ និង​យោគយល់​អធ្យាស្រ័យ​ល្អ ចំពោះ​អ្នក​ផង​ទាំងពួង។ ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​គឺ​ទ្រង់​បាន​កសាង​វិទ្យាល័យ​មួយស្ថិតនៅ​ខាងក្រោយ ព្រះបរមរាជវាំង​មាន​ឈ្មោះថា " វិទ្យាល័យស៊ីសុវត្ថិ" នៅ​​ពេល​​ដែល​ព្រះអង្គ​​បាន​​ឡើង​សោយរាជ្យ។ ក្នុង​រជ្ជកាល​ព្រះបាទស៊ីសុវត្ថិ ក្រៅពី​ទ្រង់​បាន​បង្កើត ព្រះរាជបណ្ណាល័យ​សម្រាប់​តម្កល់​សៀវភៅ​ធម៌‌ និង​ក្បួន​ច្បាប់​សម្រាប់​ជន​ទាំង​ឡាយ​ទៅ​សិក្សា ទ្រង់​បាន​កសាង សាលា​បាលី សម្រាប់​បង្រៀន​ព្រះត្រៃបិដក កសាង​សាលា​រចនា និង​សារមន្ទីរ​សម្រាប់ជន​ទាំងឡាយ​ទៅសិក្សា​ពង្សាវតា ហើយ​និង​បង្កើត​ឲ្យ​មាន​សាលា​ច្បាប់​សម្រាប់​ធ្វើ​រាជការ។ នៅ​មាន​ព័ត៌‌មាន​មួយ​ទៀត​សំខាន់​ណាស់ គឺ​កាល​គ្រិស្តសករាជ​១៩០៧ នគរ​សៀម​បាន​ចុះ​សន្ធិសញ្ញា ជា​មួយ​រាជការ​អាណាព្យាបាល​បារាំង ប្រគល់​ខេត្តបាត់ដំបង ស៊ីសុផុន និង​សៀមរាប​មក​ឲ្យ​ខ្មែរ​វិញ បន្ទាប់​ពី​ខេត្តស្ទឹងត្រែង ម្លូព្រៃ និងទន្លេពៅ ត្រូវបាន​សៀម​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​ម្តង​រួច​មក ហើយ​កាល​ពី​គ្រឹស្ត​សករាជ​១៩០៤។ គឺ​ដោយសារ​ស្នាព្រះហស្ត​របស់ ព្រះបាទស៊ីសុវត្ថិ​ទាំងអស់​នេះហើយ ដែល​នាំ​ឲ្យ​មាន​ការស្ថាបនា រូបសំណាក​ព្រះអង្គ​ខាងលើ​នេះ​ឡើង​ដើម្បី​ទុក្ខ​ជា​និមិត្តរូប តម្កល់​នៅ​ត្រង់​ចង្កេះ​វត្ត​ភ្នំដូនពេញ ភាគ​ខាងត្បូង​តាំង ពី​ពេល​នោះ​មក។ ប៉ុន្តែ​រូប​សំណាក់ ដូច​ដែល​បាន​ឃើញ​សព្វថ្ងៃ​នេះ ពុំ​មែន​ជា​រូប​សំណាក​ដើម​ទេ គឺ​ជា​រូបសំណាក​ដែល​ទើប​នឹង​ចម្លង​ពី​រូបដើម តាម​សំណូមពរ​របស់​អាជ្ញាធរ ក្រុងភ្នំពេញ នៅ​ពាក់កណ្តាល​ខែមករា​១៩៩៨។ រូបសំណាក​ចម្លង​នេះ​សាងសង់​ឡើង​ពី​ស៊ីម៉ងត៍។ ចំណែករូប​ដើម​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ឯ​សារមន្ទីរជាតិ ដោយ​អ្នក​គ្រប់គ្រង មន្ទីរ​អភិរក្ស​បុរាណវត្ថុ តាំង​ពី​ក្រោយ​ព្រឹត្តិការណ៍​ថៃ្ង​១៨ មីនា ១៩៧០​ម្ល៉េះ។ រូប​សំណាក​នោះ​ធ្វើ​អំពី​ល្បាយ​លោហធាតុ​មាន​ស្ពាន់​ភាគ​ច្រើន​ក្នុង​ឆ្នាំ១៩០៩។ បើ​ពិនិត្យ​ទៅ​លើ​ផ្ទាំង​រូបសំណាក​នេះ ឃើញ​ថា​នៅ​ចុង​ខាង​លើ​បង្អស់​នៃ​ផ្នែក​ខាង​ឆ្វេង មាន​សរសេរ​អក្សរ​បារាំង​ពីរ​តួ RF(Republique Francaise) ប្រែថា សាធារណរដ្ឋបារាំង។ នៅ​ពី​លើ​តួអក្សរ​នេះ​មាន​ចុង​ដង​ទង់ជាតិ​មួយ​តូច​ធ្លាក់​ជា​រាង​ផ្កា​ម្លិះ​(ដើម​រុក្ខជាតិ​តូច​មាន​ផ្កាស​និង​ក្លិន​ក្រអូប ដើម​វា​ជា​និមិត្តរូប​នៃ​ភាពបរិសុទ្ធ និង​ផ្កា​វា​ជា​និមិត្តរូប​នៃ​រាជាធិបតេយ្យ​នៅ​ប្រទេសបារាំង) ពណ៌‌​បៃតង។ ភ្ជាប់​នឹង​ដង​នេះ គឺ​ជា​ទង់ជាតិ​ប្រទេសបារាំង​មាន​ពណ៌‌​ខៀវ ស ក្រហម ដែល​ត្រូវ​បាន​ពលថ្មើរ​ជើង​ម្នាក់ កំពុង​ឈរ​វន្ទនាការ​ដោយ​ដៃ​ស្តាំ កាន់​កាំ​ភ្លើង​បឈ្ឈរ​ស្របនឹង​ជើង ហើយ​ដៃ​ធ្វេង​ទាញ​ទង់ជាតិ​នោះ​ឲ្យ​លាត​សន្ធឹង​ពី​លើ។ នៅ​ពី​លើ​ទង់​នេះ​ជា​រូប​នាគ​ពណ៌‌​បៃតង​និង​ខាង​ក្រោម​មាន​ផ្ទាំង​ថ្ម​រាងចតុកោណ​ចំនួន​៣ ត្រួត​ពី​លើ​គ្នា​លំអរ​ដោយ​ក្បាច់​បុរាណ​ខ្មែរ។ នៅ​ពី​លើ​ផ្ទាំង​ថ្ម​មាន​ឆ្លាក់​អក្សរ​បារាំង​ថា " Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon " ប្រែ​ជា​ខ្មែរ​ថា សន្ធិសញ្ញា​បារាំង​សៀម ចុះ​ថ្ងៃ​ទី១៥ មីនា ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ខាង​ក្រោម​អក្សរចារឹក នេះ​មាន​រូបសំណាក​ជនជាតិបារាំង​ដូរូសូ ដឺ គុលសង់ ដែល​​ជា​កុងស៊ុល​ប្រចាំ​នៅខេត្តបាត់ដំបង នា​ឆ្នាំ១៩០៣ (តាម​ឯកសារ​លោក តូច ឈួង)។ ចុង​ក្រោយ​បង្អស់ នៃ​ផ្នែក​ខាង​ឆ្វេង គឺ​ជា​រូបក្បាល​ដំរី​លេច​ចេញ​ពី​ក្រប​សិលាចារឹក​ផ្នែក​កណ្តាល​នៃ​រូបសំណាក​ជា​រាជ​បល្លង្ក​លំអ​ដោយ​ក្បាច់​នាគ​ក្បាល​បី ។ ព្រះបាទស៊ីសុវត្តិ​ទ្រង់​ប្រថាប់​ក្រោម​ព្រះស្វេតច្ឆត្រ និង ទ្រង់​គ្រឿង​អម្ពរពស្ដ្រា​ជា​ស្ដេច​កំពុង​គ្រងរាជ្យ ។ ចំណែក​នៅ​ផ្នែក​ខាង​ស្តាំ​វិញ ជា​រូបនារី​បី​នាក់​មាន​សម្លៀក​បំពាក់​ខុសៗ​គ្នា និង​មាន​កាន់​ពាន​មួយ​ម្នាក់។ នារី​ទី​មួយ​សម្លៀកបំពាក់​របៀប​រូបចម្លាក់​អប្សរា​នៅ ប្រាសាទអង្គរវត្ត មាន​កាន់​ពាន​មួយ​តម្កល់​រូប​សំណាក​មួយ ប្រហែល​ជា​រូប ប្រាសាទព្រះវិហារ។ តាម​រយៈ​នេះ​អ្នក​ជំនាញ​ខាង​បុរាណវិទ្យា បាន​សន្និដ្ឋាន​ថារូប​នារីទី១​នេះ​ជា​តំណាង​ឲ្យ​ខេត្តសៀមរាប រី​ឯ​នារី​ទាំង​ពីរ​ខាង​ក្រោយ​តំណាង​ឲ្យ ខេត្ត​បាត់ដំបង និង​ស៊ីសុផុន ពី​ព្រោះ​ខេត្ត​ទាំង​ពីរ​នេះ នៅ​ជាប់​នឹង​ប្រទេសសៀម ហើយ​សម្លៀកបំពាក់ របស់​នារី​ទាំងពីរ ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ស្រី​បម្រើ​ក្នុង ព្រះរាជវាំង​ប្រទេស​ទាំងពីរ​(កម្ពុជា-សៀម) នា​សម័យ​នោះ​ដែរ។ នារី​ទី​ពីរ​មាន​កាន់​ពាន​តម្កល់​ថង់​ត្រា​ពណ៌‌បៃតង និង​ត្រា​ពណ៌‌​លឿង។ នារី​ទី​បី​កាន់​ពាន​តម្កល់​ក្លង (បំពង់​មាន​គ្រប​ខ្លី​ជាង​ក្លាក់​ធ្វើដោយ​ក្រឡឹង​ដោយ​សិត​ក្លង ស្ពាន់​ក្លង​ភ្លុក) ពណ៌‌​បៃតង សម្រាប់​ដាក់​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ។ នារី​ទាំង​បី​នាក់ ធ្វើ​កាយ​វិការ​នាំ​ដង្វាយ​ទៅ​ថ្វាយព្រះ​មហាក្សត្រ​ខ្មែរ ​ព្រះបាទស៊ីសុវត្ថិ។ ខាង​លើ​នៃ​ផ្ទាំង​សិលាចារឹក​នេះ មាន​រូប​នាគ​ពណ៌‌​បៃតង និង ខាង​ក្រោម​ក្បាល​នាគ មាន​រូបក្បាល​ដំរី​លេច​ចេញ​ពីផ្ទាំងសិលានោះ។


1 comment: